ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា រដូវវស្សាឆ្នាំ២០២៣ នឹងចូលមកដល់សប្តាហ៍ទី២ នៃខែឧសភាយឺតជាងឆ្នាំ២០២២ ជាមួយនឹងបរិមាណទឹកភ្លៀងពីតិចទៅមធ្យម និងរបាយទឹកភ្លៀងធ្លាក់មិនបានរាយប៉ាយបានល្អ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីការព្យាករអាកាសធាតុលើកទី២ សម្រាប់ឆ្នាំ២០២៣។
កម្រិតទឹកភ្លៀងមានតិចជាងមធ្យមភាគច្រើនឆ្នាំ ប្រមាណពី ២០% ទៅ ៣០%។ នៅក្នុងដើមរដូវវស្សានេះ នឹងអាចមានការកើតឡើងជាញឹកញាប់ជាយថាហេតុនូវបាតុភូតផ្គរ រន្ទះ ខ្យល់កន្រ្តាក់ និងខ្យល់គួច។
ចំណែកពាក់កណ្តាលរដូវវស្សា គឺចាប់ពីខែសីហា ដល់ខែកញ្ញា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងបរិមាណពីតិចទៅមធ្យម និងផ្នែកខ្លះជាបង្គួរ ជាមួយនឹងលក្ខណៈភ្លៀងធ្លាក់ភាគច្រើន ជាលក្ខណៈផ្ទាល់ មិនជាប្រព័ន្ធ។ វាក៏នឹងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ជាបង្គួរផងដែរ។
ក្រសួងបានបន្ថែមទៀតថា រដូវវស្សា អាចនឹងបញ្ចប់នៅក្នុងសប្តាហ៍ទី១ នៃខែវិច្ឆិកា ជាមួយនឹងបរិមាណទឹកភ្លៀងក្នុងកម្រិតពីខ្យោយទៅមធ្យម និងកន្លែងខ្លះអាចមិនទទួលបានភ្លៀង។ នៅចុងរដូវវស្សានេះ ក៏អាចមានបាតុភូតផ្គរ រន្ទះ ខ្យល់កន្រ្តាក់ និងខ្យល់គួច ក្នុងកម្រិតជាមធ្យមផងដែរ ពិសេស នៅតំបន់មាត់សមុទ្រ និងតំបន់ជាប់ទន្លេ៕